(VOVWORLD) - ពីវត្ថុដែលគេបោះចោល ស្ត្រីជាច្រើននាក់នៅខេត្ត Dak Lak បានប្រើប្រាស់ដើម្បីធ្វើជាផលិតផលទំនិញ បង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលផងដែរ។ ការងារនេះក៏រួមចំណែកដល់ការការពារបរិស្ថាន និងឆ្ពោះទៅរកការប្រើប្រាស់បៃតងផងដែរ។
រោងចក្រកែច្នៃខោខូវប៊យចាស់ៗ ធ្វើកាបូបរបស់អ្នកស្រី Ly Thi Kim Binh (រូបថត៖ VOV) |
បន្ទាប់ពីធ្វើការផលិតកាបូបកែច្នៃពីខោចាស់អស់រៈពេល ៧ឆ្នាំមក អ្នកស្រី Ly Thi Kim Binh នៅភូមិ Pan Lam ក្រុង Buon Ma Thuot ខេត្ត Dak Lak បានបើកអង្គភាពអាជីវកម្មមួយដោយមានកម្មករចំនួន ៥ នាក់។ ក្នុងមួយឆ្នាំៗ មូលដ្ឋានរបស់អ្នកស្រីបានលក់ផលិតផលកាបូបក្រណាត់គ្រប់ប្រភេទ បានជាង ៧.៥០០មុខ ដោយប្រាក់ចំណូលឈានដល់ជាង ១,៥ ពាន់លានដុង (ជិត ៦០ ពាន់ដុល្លារអាមេរិក)។
អ្នកស្រី Ly Thi Binh បានចែករំលែកថា ដំបូងឡើយ អ្នកស្រីគ្រាន់តែកែច្នៃសម្លៀកបំពាក់ចាស់ៗ ទៅជារបស់ថ្មី បន្ទាប់មកបន្តិចម្តងៗ ដោយសារការគាំទ្រពីអតិថិជន មូលដ្ឋានផលិតកម្មរបស់នាង បានបន្តបង្កើតផលិតផលថ្មីៗជាច្រើន៖
“យើងរចនា ហើយបន្ទាប់មកយើងបានដេរវា។ ជាធម្មតា យើងលក់អនឡាញ និងលក់ទៅឱ្យអតិថិជនមួយចំនួនធំដែរ។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងលក់ផ្ទាល់ទៅកាន់អតិថិជន ដើម្បីឱ្យគ្រប់គ្នាមានការយល់ដឹងទូទៅអំពីផលប៉ះពាល់បរិស្ថាន ផលប៉ះពាល់សង្គម និងកាត់បន្ថយបរិមាណកាកសំណល់ដែលបញ្ចេញទៅក្នុងបរិស្ថាន។ តាមនោះ ជួយបង្កើនប្រភពចំណូលរបស់ខ្លួនផងដែរ”។
ផលិតផលធ្វើពីស្រទបស្លារបស់អ្នកស្រី Dao Thi Van (រូបថត៖ VOV) |
ចំណែកឯអ្នកស្រី Dao Thi Van នៅសង្កាត់ Tu An ទីក្រុង Buon Ma Thuot គំនិតចាប់ផ្តើមអាជីវកម្មជាមួយចានដែលធ្វើពីស្រទបស្លា ត្រូវបានបំផុសក្នុងអំឡុងដំណើរទស្សនកិច្ចទៅទស្សនាគំរូផលិតកម្មនៅខេត្ត Quang Ngai។ បន្ទាប់ពីស្រាវជ្រាវតំបន់វត្ថុធាតុដើមនៅ Dak Lak តាំងពីពាក់កណ្តាលឆ្នាំមុនមក នាងបានសម្រេចចិត្តវិនិយោគលើការទិញម៉ាស៊ីនផលិត។ គិតមកទល់នឹងពេលនេះ ជាមធ្យមក្នុងមួយខែ នាងផលិតបានជាង ពែង ចាន ថាស និងចានគ្រប់ប្រភេទ ជាង ៣ម៉ឺនប្រភេទ ជាមួយនឹងតម្លៃលក់ជាមធ្យម ២.៣០០ ដុង (០,១ដុល្លារអាមេរិក) ក្នុងផលិតផលមួយ។ អ្នកស្រី Dao Thi Van បានឲ្យដឹងថា ផលិតផលដែលផលិតពីស្រទបស្លាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ដោយសារភាពស្និទ្ធស្នាលជាមួយបរិស្ថាន៖ “បច្ចុប្បន្ន អង្គភាពរបស់យើងកំពុងលក់នៅលើគេហទំព័រ និងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ឆ្នាំមុន អង្គភាពភាគច្រើនបានឧបត្ថម្ភកម្មវិធីសម្រាប់សិស្សានុសិស្សឲ្យសាកល្បងប្រើប្រាស់ ដោយឆ្ពោះទៅគោលបំណងបរិស្ថានបៃតង និងការប្រើប្រាស់បៃតង។ ស្រទបស្លា មានលក្ខណៈធម្មជាតិទាំងស្រុង ដំណើរការកែច្នៃគឺសាមញ្ញ ដោយគ្រាន់តែត្រាំក្នុងទឹក លាងវាឲ្យស្អាត រួចដាក់ក្នុងពុម្ភ ដើម្បីច្របាច់យកផលិតផលដែលបានបញ្ចប់ បន្ទាប់មកធ្វើការបាញ់កាំរស្មី UV សម្រាប់សម្លាប់មេរោគតាមស្តង់ដារគុណភាព”។
ពីខ្សែជ័រដែលគេបោះចោលនៅការដ្ឋានសំណង់ ឬតូបលក់បន្លែ និងផ្លែឈើនៅផ្សារ អ្នកស្រី H Au Nie នៅភូមិ Tlung ឃុំ Ea Kar ស្រុក Ea Kar ខេត្ត Dak Lak បានបង្កើតសិប្បកម្មដែលមានប្រយោជន៍។ អស់រយៈពេលជិតកន្លះឆ្នាំហើយ ដែលនាងបានប្រមូលបងប្អូននារីមកធ្វើការជាមួយគ្នា ហើយបានស្នើឱ្យសមាគម និងសហជីពនានា តភ្ជាប់ និងពង្រីកទីផ្សារអ្នកប្រើប្រាស់។ ផលិតផលជាកន្ត្រក ធុងសំរាម ទ្រុងមាន់ ឬប្រដាប់សម្រាប់ទិញឥវ៉ាន់ដែលធ្វើពីខ្សែផ្លាស្ទិចមានតម្លៃចាប់ពី ៨ម៉ឺន ដល់២០ម៉ឺនដុង (៣-៨ ដុល្លារ)។ បើតាមអ្នកស្រី H Au ការងារនេះគឺសាមញ្ញណាស់ ដូច្នេះអ្នកណាក៏អាចធ្វើនៅផ្ទះពេលទំនេរបានដែរ៖
“បច្ចុប្បន្ននេះ រោងចក្ររបស់យើងមានសមាជិក ៧ ទៅ៨ នាក់ធ្វើការជាមួយគ្នា។ ដើម្បីបង្កើតផលិតផលមួយត្រូវចំណាយពេលពី ៣ ទៅ ៧ ម៉ោង អាស្រ័យលើផលិតផល អ្នកអាចទាញយកប្រយោជន៍ពីវាក្នុងអំឡុងពេលទំនេររបស់។ ផលិតផលធ្វើដោយដៃ កែច្នៃពីខ្សែក្រវ៉ាត់ប្លាស្ទិក ខ្ញុំប្រមូល និងសម្អាតវា។ រហូតមកដល់ពេលនេះ ផលិតផលរបស់ខ្ញុំត្រូវបានគេប្រើនៅជុំវិញភូមិហើយ”។
ផលិតផលធ្វើដោយដៃពីខ្សែប្លាស្ទិក ដែលទាក់ទាញទស្សនិកជន (រូបថត៖ VOV) |
លោកស្រី To Thi Tam ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak បានឲ្យដឹងថា ការអនុវត្តគម្រោងរបស់នាយករដ្ឋមន្ត្រីស្តីពី “ជួយឧបត្ថម្ភស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្មដំណាក់កាល ២០១៧-២០២៥” ស្ត្រីជាច្រើនក្នុងខេត្តទទួលបានការឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមអាជីវកម្ម។ ក្នុងចំណោមនោះ ស្ត្រីជាច្រើនបានរកឃើញនូវវិធីច្នៃប្រឌិតល្អ ដើម្បីទាញយកប្រយោជន៍ពីសម្ភារក្នុងស្រុកទូទៅ សូម្បីតែ "កាកសំណល់" ដើម្បីបង្កើតផលិតផលទំនិញ៖
“សមាជិកស្ត្រីលើកកម្ពស់គុណភាពផ្ទាល់ខ្លួន ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួន ទាញយកសក្តានុពល ប្រៀបខ្លាំង និងគុណសម្បត្តិ មាននៅក្នុងស្រុក ដែលជាវត្ថុធាតុដើមពីបុរាណ។ ពួកគេដឹងពីរបៀបទាញយកភាពខ្លាំងទាំងនោះទៅក្នុងផលិតផលទំនិញដែលបម្រើតម្រូវការប្រចាំថ្ងៃរបស់គ្រួសារគ្រប់រូប។ ទន្ទឹមនឹងនោះក៏បង្កើតប្រាក់ចំណូល បង្កើតការងារធ្វើ និងកែលម្អបរិស្ថានស្អាតផងដែរ”។
ជាមួយនឹងភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិត ស្ត្រីជាច្រើននៅទីក្រុង Dak Lak បានប្រែក្លាយកាកសំណល់ទៅជាផលិតផលទំនិញ។ ភាពជោគជ័យនោះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតរបៀបរស់នៅបៃតង និងការពារបរិស្ថានផងដែរ៕