UN និងអាមេរិកព្រួយបារម្ភចំពោះ​ភាពតានតឹងនៅតាម​ព្រំដែនស៊ីរី-ទួរគី

(VOVWORLD) - នៅថ្ងៃទី២៣ ខែសីហា អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារនាពេលថ្មីៗនេះ នៅតាមព្រំដែនភាគខាងជើងនៃប្រទេសស៊ីរី។
UN និងអាមេរិកព្រួយបារម្ភចំពោះ​ភាពតានតឹងនៅតាម​ព្រំដែនស៊ីរី-ទួរគី - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារផ្លូវអាកាសលើក្រុង Ain al-Arab របស់ស៊ីរី ដែលមានព្រំប្រទល់ជាប់ខេត្ត Sanliurfa ប្រទេសតួគី។ (រូបថត៖ AFP/TTXVN)

តំណាងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសស៊ីរី គោរពតាមកាតព្វកិច្ចការពារជនស៊ីវិល ក្នុងបរិបទដែលអំពើហិង្សាកើនឡើងនៅភាគខាងជើងប្រទេសនេះ។ អង្គការសហប្រជាជាតិបានបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីប្រទេសស៊ីរីប្រកបដោយសុវត្ថិភាពនិងវិបុលភាព។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានអំពាវនាវឱ្យភាគីទាំងអស់គោរពតាមបទឈប់បាញ់។ មន្ត្រីអាមេរិករូបនេះបានសម្តែងការសោកស្ដាយចំពោះការបាត់បងអាយុជីវិតជនស៊ីវិលនៅតំបន់ al-Bab al-Hasakah និងតំបន់ផ្សេងទៀត ហើយបានសង្កត់ធ្ងន់ថា អាមេរិកនៅតែប្តេជ្ញាកម្ចាត់អង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) ឲ្យដល់ទីបញ្ចប់ និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះនៅប្រទេសស៊ីរី។

ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ តំបន់ព្រំដែនរវាងស៊ីរី និងទួរគី មានភាពតានតឹងកាន់តែកើនឡើង ក្នុងបរិបទនៃការប៉ះទង្គិចគ្នាម្តងហើយម្តងទៀត រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាមួយនឹងកងកម្លាំងទួរគី និងក្រុមសកម្មប្រយុទ្ធស៊ីរីដែលគាំទ្រដោយទួរគី។ ជម្លោះឡើងជណ្តើរបានរីករាលដាល ដែលនាំឱ្យមានការចូលរួមពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលត្រូវបានដាក់ពង្រាយនៅតាមចំណុចព្រំដែនជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ